(សៀមរាប) ៖ ព្រះវិហារចំណាស់មួយដែលមានអាយុកាលប្រមាណ៩០ឆ្នាំ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬវត្តអារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអភិរក្សដោយអាជ្ញាធរជាតិអប្សរា ព្រោះជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះវិហារបុរាណនេះជាទីសក្ការមួយដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែកទៅតាមនិយមក្នុងតំបន់នោះ ។ សំណង់នេះសង់ឡើងអំពីឈើ រួមមាន សសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានច្នៃឆ្លាក់ជារូបមុខមនុស្ស ។
ប្រភពដដែល បានបញ្ជាក់ថា ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ ។
សូមជម្រាបជូនថា បច្ចុប្បន្នព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនខ្មែរឱ្យនៅគង់វង្សជាបន្តទៅទៀត ៕
No comments:
Post a Comment