ឃាត់ខ្លួនមេខ្យល់ ០២នាក់ប្តីប្រពន្ធ ដែលបោកប្រាស់នារីខ្មែរយកទៅធ្វើការជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់បន្តទៅប្រទេសទី៣ (ផ្សាយវគ្គ២) - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, October 4, 2023

ឃាត់ខ្លួនមេខ្យល់ ០២នាក់ប្តីប្រពន្ធ ដែលបោកប្រាស់នារីខ្មែរយកទៅធ្វើការជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់បន្តទៅប្រទេសទី៣ (ផ្សាយវគ្គ២)

(បន្ទាយមានជ័យ) ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Zeii Da សុំឱ្យជួយសង្គ្រោះនារីខ្មែរចំនួន ០៦នាក់ ដែលត្រូវពួកមេខ្យល់ បោកប្រាស់យកទៅធ្វើការ ជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់ពួកនាងបន្តរទៅប្រទេសទី៣ ។


ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ ជួយសង្រ្គោះជនរងគ្រោះ ស្រី ០៦នាក់ (អនីតិជន ០៤នាក់) និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន ០២នាក់ (ប្តីប្រពន្ធ) នៅខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ អគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ០៧រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ ។ ស្ត្រីទាំង ០៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣ ។

ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ០៧រូបនោះ ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ ។

រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នារីខ្មែរ ០៦រូប ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ ។ ដោយឡែក ស្ថានទូតបាននិងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ០១រូបទៀត ។

ការជួយសង្គ្រោះនារីខ្មែរទាំង ០៧រូបនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រី នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។ មិនថានៅបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាលបានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋចោលនោះទេ គឺប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយពួកគេ ។

នារីរងគ្រោះទាំង ០៦រូប ដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេកបានរួចផុតពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា ។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាអាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages