(ភ្នំពេញ) ៖ ទឹកស្ទឹងព្រែកត្នោត បានបន្តហក់ឡើង និងបណ្តាលឱ្យជន់លិចផ្ទះពលរដ្ឋជាង ៩០០ ខ្នងផ្ទះ ដែលស្មើរទៅនឹង ៤១ ភូមិ ក្នុងសង្កាត់ចំនួន ០៩ ដែលមានពលរដ្ឋ ១០០៥ នាក់ ស្ថិតក្នុងខណ្ឌដង្កោ គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។ ស្ថានភាពទឹកនៅតែបន្តហក់ឡើងនៅឡើយ គិតត្រឹមថ្ងៃដដែលនេះ ដោយសារទឹកហូរធ្លាក់មកពីប៉ែកខាងលើខ្លាំង ។
លោក លឹម សំបូរ ចៅសង្កាត់រងទី១ នៃសង្កាត់ស្ពានថ្ម បានឱ្យដឹងថា សង្កាត់ស្ពានថ្ម ជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើន ដែលរងការជន់លិច ស្ថិតនៅស្របសណ្តរស្ទឹងព្រែកត្នោតតែម្តង ដោយពលរដ្ឋទាំងអស់ចំនួន ១៩៤ គ្រួសារ ស្មើរនឹង ១៨៩ ខ្នងផ្ទះ និងមានមនុស្សរុប ៨០៤ នាក់ ដែលរស់នៅជាប់ស្ទឹង សុទ្ធសឹងតែជន់លិចទាំងអស់ ។
លោកចៅសង្កាត់រងទី១ បានបញ្ជាក់ថា មិនមែនតែលំនៅឋានពលរដ្ឋនោះទេដែលមានការលិចលង់ ក្នុងនោះទីតាំងសាលាសង្កាត់ ស្នាក់ការប៉ុស្តិ៍នគរបាល រួមទាំងសាលារៀន និងទីវត្តអារាម ក៏រងការលិចលង់ដែរ ។
ជាមួយគ្នានេះដែរ នាយប៉ុស្តិ៍នគរបាលស្ពានថ្ម ក៏បានឱ្យដឹងដែរថា បច្ចុប្បន្នកម្លាំងនគរបាល សហការជាមួយសង្កាត់ បានបន្តការចុះណែនាំដល់តាមខ្នងផ្ទះពលរដ្ឋដែលមានការលិចលង់ឱ្យបន្តការប្រុងប្រយ័ត្ន និងជួយប្រមែប្រមូលសម្ភារៈតាមលំនៅឋានណាដែលមានការលិចលង់ខ្លាំងយកមកកាន់ទីទួលមានសុវត្ថិភាពផងដែរ ។
ប្រជាពលរដ្ឋដែលរងការលិចលង់លំនៅឋាន បានឱ្យដឹងថា ទឹកស្ទឹងបានលិចចូលដល់ខ្នងផ្ទះរបស់គាត់ប្រមាណ៣ថ្ងៃមកហើយ ប៉ុន្តែនៅថ្ងៃនេះទឹកបានបន្តហក់ឡើងខ្លាំង ក្នុងនោះផ្ទះមួយចំនួនបានលិចដល់ពាក់កណ្តាលឯណោះ។ ពួកគាត់បន្តថា ទឹកស្ទឹងព្រែកត្នោតតែងជន់លិចជាប្រចាំនៅរៀងរាល់ឆ្នាំ ហើយគិតត្រឹមថ្ងៃនេះស្ថានភាពទឹក មិនទាន់មានការជន់លិច ដូចឆ្នាំកន្លងទៅនៅឡើយនោះទេ។
សូមបញ្ជាក់ថា នៅសណ្តរស្ទឹងព្រែកត្នោត មានសង្កាត់មួយចំនួន ដូចជា សង្កាត់គងណយ សង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀន និងសង្កាត់សាក់សំពៅ ជាដើម កំពុងទទួលរងនូវការជនលិច ហើយលំនៅឋានពលរដ្ឋជាច្រើនរយគ្រួសារកំពុងជន្លៀសទៅទីទួលសុវត្ថិភាព ៕
No comments:
Post a Comment