(ព្រៃវែង) ៖ ស្ត្រីម្នាក់ត្រូវបុរសជាប្ដីកាប់ចំនួន ០៣កាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗនៅលើផ្ទះតែម្ដង ដោយសារតែទំនាស់ពាក្យសម្ដីបន្តិចបន្តួច ខណៈពេលត្រឡប់មកពីផឹកស៊ីស្រវឹងដូចគ្នា ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។
បុរសដៃដល់ជាប្ដីមានឈ្មោះ សំ រីម អាយុ ៤៣ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ មុត គីមឡាង អាយុ ៤១ឆ្នាំ ត្រូវបុរសជាប្តីកាប់ចំនួន ០៣កាំបិត ចំស្មាខាងឆ្វេង ០១កាំបិត ចំកដៃខាងឆ្វេង ០១កាំបិត និងចំម្រាមដៃស្តាំ ០១កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួនតែម្តង ។
បើតាមការបញ្ជាក់ពីខាងអាជ្ញាធរ បានឱ្យដឹងថា ប្ដីប្រពន្ធទាំង ០២នាក់ខាងលើនេះ មានកូនចំនួន ០៤នាក់ (កូនប្រុសម្នាក់ និងស្រី៣នាក់) ក្នុងនោះកូនប្រុសពៅ និងកូនស្រីបន្ទាប់ពីពៅ មានជំងឺសរសៃប្រាសាទ ជាមនុស្សមិនគ្រប់ទឹក បច្ចុប្បន្នកូនប្រុសពៅ ដែលមិនគ្រប់ទឹក រស់នៅជាមួយឪពុកម្ដាយ ចំណែកកូនស្រីម្នាក់ទៀតដែលមិនគ្រប់ទឹកដូចគ្នា ត្រូវបានបងៗយកទៅរស់នៅជាមួយនៅឯរាជធានីភ្នំពេញ ។
ពាក់ព័ន្ធករណីអំពើហិង្សា រហូតបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ឱ្យដឹងថា គ្រួសារមួយនេះ ផឹកស្រាទាំងប្តីទាំងប្រពន្ធស្រវឹងខួបរាល់ថ្ងៃ ហើយដើមហេតុនៃជម្លោះនេះ គឺដោយសារពេលត្រឡប់ពីផឹកស្រាវិញ ទាំងប្ដី និងទាំងប្រពន្ធ គឺស្រវឹងដូចគ្នា ហើយគ្មានអ្នកណាធ្វើម្ហូបដាំបាយឡើយ ទើបធ្វើឱ្យបុរសជាប្ដីខឹងជេរប្រពន្ធ រហូតឈ្លោះប្រកែកគ្នាកើតជាអំពើហិង្សាបែបនេះតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមជរ ចាប់ឃាត់ខ្លួនកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕
No comments:
Post a Comment