ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់ ០៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។ ជនសង្ស័យ ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធមេខ្លោង) ។ ចំណែកជនសង្ស័យ ឈ្មោះ នាង សុវណ្ណរ៉ា ភេទប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ (បណ្តាញ) ។
ចំពោះវត្ថុតាង ដែលបានចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា ប្រភេទកេតាមីន (Ketamine) ចំនួន ០១កញ្ចប់ធំ ប្រមាណជិត ០១គីឡូក្រាម ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គឡូក្រាម កញ្ចប់ពណ៌ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ៣៥កញ្ចប់ ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦,៤០០គ្រាប់ ជញ្ចីងថ្លឹងគ្រឿងញៀន ០១គ្រឿង គ្រាប់បែកដៃចំនួន ០២គ្រាប់ បង់អាវុធចំនួន០១ គ្រាប់ចំនួន ០៥គ្រាប់ ទូរសព្ទដៃចំនួន ០២គ្រឿង រថយន្តចំនួន ០១គ្រឿង (ពាក់ផ្លាកលេខ ភ្នំពេញ 2BU-6244) ម៉ូតូចំនួន ០២គ្រឿង (ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2001 និងមួយទៀតពាក់ផ្លាកលេខ ភ្នំពេញ 1GO-4614) ។
សូមបញ្ជាក់ថា ការចាប់ខ្លួនមេក្លោងគ្រឿងញៀនដ៏ធំនេះ ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
ប្រតិបត្តិបង្ក្រាបនេះ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនិយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដឹកនាំពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើស និងជនសង្ស័យ ព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
No comments:
Post a Comment