ការចុះមើលពីស្ថានភាពទឹកនេះ មានប្រជាពលរដ្ឋចំនួន ១៣៧គ្រួសារ កំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ មកដាក់នៅក្នុងបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ស្ថានភាពទឹកនៅតំបន់មួយចំនួននៅក្នុងក្រុងសិរីសោភ័ណនេះ មានការជន់ឡើង តំបន់ខ្លះទឹកហូរលើផ្លូវដូចជាក្នុងសង្កាត់ព្រះពន្លា ។
ចំពោះដំណាំកសិកម្មវិញ លោកបញ្ជាក់ថា មិនទាន់ទទួលរងផលប៉ះពាល់នោះទេ បើធៀបទៅនឹងឆ្នាំ២០២០ ឡើងខ្លាំងទឹកលិចស្ទើរទូទាំងខេត្ត តែឆ្នាំ២០២៣នេះតូច មិនទាន់ដល់កម្រិតដូចឆ្នាំ២០២០នោះទេ ។
លោកក៏បានសំណូមពរដល់បងប្អូនពលរដ្ឋដែលរស់នៅតំបន់ផ្លូវទឹក ឬតំបន់ទំនាបធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកូនចៅតូចៗ មិនត្រូវបណ្តែតបណ្តោយឱ្យចុះលេងទឹកឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង ពិសេសត្រូវប្រុងប្រយ័ត្ន សត្វអសិរពិសជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ។
ម្យ៉ាងវិញទៀត លោក ស្រេង សុផល បានឱ្យកម្លាំងទាំង៣ មានកម្លាំងនគរបាល អាវុធហត្ថ និងយោធា ត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រោះបងប្អូនពលរដ្ឋ នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ។
ពេលដែលជន់ទឹកភ្លៀង បានធ្លាក់មកបណ្តើរពីប្រទេសថៃ ហើយលោកបានណែនាំដល់សង្កាត់នីមួយៗ ត្រូវចុះពិនិត្យតាមដានឱ្យបានជាប្រចាំអំពីស្ថានភាពទឹក ។
ជាវិធានការទៅពេលខាងមុខ សង្កាត់ទាំងអស់នៅក្នុងក្រុងត្រូវរិះរកគ្រប់មធ្យោបាយ សម្រាប់រក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងពេលខាងមុខ ដោយឆ្នាំនេះសង្កេតឃើញថា ទឹកជន់ឆ្នាំនេះតិចជាងបណ្តាឆ្នាំមុនៗ ដែលតម្រូវឱ្យយើងជាអាជ្ញាធរធ្វើយ៉ាងរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងខាងមុខកុំឱ្យមានការខ្វះខាត ។
គួបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យមាន ០២ក្រុង និង ០៧ស្រុក តួលេខមាននេះមានតែក្រុងសិរីសោភ័ណទេ ចំណែកក្រុងប៉ោយប៉ែត និងស្រុកទាំង ០៧ចាំសរុបនៅពេលក្រោយ ៕
គួបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យមាន ០២ក្រុង និង ០៧ស្រុក តួលេខមាននេះមានតែក្រុងសិរីសោភ័ណទេ ចំណែកក្រុងប៉ោយប៉ែត និងស្រុកទាំង ០៧ចាំសរុបនៅពេលក្រោយ ៕
No comments:
Post a Comment