(មណ្ឌលគិរី) ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលមានការឈប់សម្រាករយៈពេល៣ថ្ងៃ ខេត្តមណ្ឌលគិរីនៅតែត្រូវបានជ្រើសរើសជាគោលដៅកម្សាន្តដ៏ល្អមួយក្នុងតំបន់ភូមិភាគឦសាន ដោយអាចទាក់ទាញអ្នកទេសចរប្រមាណជាង៧ពាន់នាក់ឲ្យមកលំហែកម្សាន្ត ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងទស្សនាទេសភាពព្រៃភ្នំនៅទីនេះ។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ១៤ ១៥ ខែតុលា ឆ្នាំ២០២៣ ភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី មានចំនួន ៧,៦៧០នាក់ ថយចុះ ២២,១២%(ឆ្នាំ២០២២ ទេសចរសរុប ៩,៨៤៩នាក់) ក្នុងនោះ ទេសចរជាតិ ៧,៣៥៩នាក់ ថយចុះ ២៣,៥៥%(ឆ្នាំ២០២២ ទេសចរជាតិសរុប ៩,៦២៧នាក់) ទេសចរបរទេស សរុប ៣១១នាក់ កើនឡើង៤០,០៩% (ឆ្នាំ២០២២ ទេសចរបរទេសសរុប២២២នាក់។
លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា មូលហេតុនៃការថយចុះ ដោយសារឆ្នាំនេះនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ភ្ញៀវទេសចរពិបាកដើរកម្សាន្ត ម្យ៉ាងទៀតភ្ញៀវភាគច្រើនទៅលេងស្រុកកំណើត។ ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ល្អនៅទូទាំងខេត្ត។
ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ទោះបីជាគាត់បានមកកម្សាន្តនៅខេត្តមណ្ឌលគិរីច្រើនលើកមកហើយ ប៉ុន្តែរូបគាត់និងក្រុមគ្រួសារនៅតែជ្រើសយកខេត្តមណ្ឌលគិរីជាគោលដៅកម្សាន្ត ព្រោះទេសភាពនៅទីនេះស្អាតប្លែកខុសពីតំបន់ដទៃ ពិសេសគឺអាកាសធាតុត្រជាក់តែម្ដង ដែលល្អលើសតំបន់ទេសចរណ៍ផ្សេងៗ ។
ទោះជាយ៉ាងនេះក្ដីភ្ញៀវទេសចររូបនោះ ក៏លើកឡើងអំពីចន្លោះខ្វះខាតតិចតួចក្នុងសេវាកម្មទេសចរណ៍របស់ខេត្តមណ្ឌលគិរី ដោយក្នុងនោះ នៅតាមតំបន់ទេសចរណ៍មិនទាន់មានធុងសំរាមគ្រប់គ្រាន់ ពិសេសគឺនៅខ្វះខាតបន្ទប់ទឹក។
ទន្ទឹមនេះដែរចំពោះតម្លៃស្នាក់នៅតាម រីសត គឺមានតម្លៃខ្ពស់ជាងខេត្តផ្សេងៗ ប៉ុន្តែចំពោះតម្លៃម្ហូបអាហារអាចទទួលយកបាន។
សូមបញ្ជាក់ដែរថា រមណីយដ្ឋានទេសចរណ៍ដែលឈានមុខគេ ទាញចំណាប់អារម្មណ៍អ្នកទេសចរទៅលេងជាប្រចាំមានតែរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ និងសមុទ្រឈើ ហើយក្រៅពីនោះក៏នៅមានកន្លែងទេសចរណ៍ និងទីតាំងគយគន់ទេសភាពជាច្រើនទៀតផងដែរ ដែលភ្ញៀវទេសចរបានទៅលេងកម្សាន្ត៕
No comments:
Post a Comment