អាជ្ញាធរស្រុកឯកភ្នំ ដឹកនាំកម្លាំងចម្រុះចុះដណ្តើមស្រូវពីទឹកជំនន់ ជូនប្រជាពលរដ្ឋ ខណៈទឹកទន្លេសាបកំពុងជន់ឡើងខ្លាំង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, October 12, 2023

អាជ្ញាធរស្រុកឯកភ្នំ ដឹកនាំកម្លាំងចម្រុះចុះដណ្តើមស្រូវពីទឹកជំនន់ ជូនប្រជាពលរដ្ឋ ខណៈទឹកទន្លេសាបកំពុងជន់ឡើងខ្លាំង

(បាត់ដំបង) ៖ ដើម្បីជួយសម្រាលនូវការលំបាកជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតកម្លាំងពលកម្ម ហើយដំណាំស្រូវរបស់គាត់កំពុងលិចទឹកនោះ អាជ្ញាធរស្រុកឯកភ្នំ ក្រោមការដឹកនាំដោយ លោក ម៉ិល សុផល អភិបាលស្រុក និងមានកិច្ចសហការពីកងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ ក្នុងស្រុក និងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលស្រុក បានចុះជួយច្រូតស្រូវ ដើម្បីដណ្តើមស្រូវពីការលិចទឹកជូនប្រជាកសិករ នៅចំណុចបឹងធំ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោក ម៉ិល សុផល បានឱ្យដឹងថា ក្នុងរយៈពេល ០២ថ្ងៃនេះ ការចុះដណ្តើមស្រូវពីជំនន់ទឹកភ្លៀងជូនប្រជាកសិករនាពេលនេះ ត្រូវប្រើកម្លាំងជួយច្រូតកាត់ ចំនួន ១០០នាក់ ក្នុងនោះមានកម្លាំងថ្នាក់ខេត្តចំនួន ៧០នាក់ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចំនួន ២០នាក់ ផ្នែកសឹងរងស្រុកចំនួន ០៧នាក់ និងការិយាល័យកសិកម្មស្រុកចំនួន ០៣នាក់ បានចុះប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ដែលកំពុងជួបនឹងការលំបាកខ្វះខាតកម្លាំងពលកម្ម ខ្វះថវិកា ហើយជាពិសេសនោះ គឺលិចដោយទឹកភ្លៀងមិនទាន់ស្រកអស់ ព្រមទាំងទឹកទន្លេសាបជន់លិចមកផង ជាលទ្ធផលផ្ទៃដីត្រូវច្រូតសរុបទាំងអស់ចំនួន ៥ហិកតា ។

លោក ម៉ិល សុផល បានបញ្ជាក់ថា តាមពិតទៅដំណាំស្រូវនៅតំបន់នេះគេច្រូតអស់ហើយ តែដោយសារតែពួកគាត់ចំនួន ០៣គ្រួសារនេះ បានធ្វើការដាំដុះស្រូវចុងក្រោយគេ ដល់ពេលស្រូវទុំអាចច្រូតបាន ត្រូវទឹកទន្លេសាបឡើងមក ចាល់ពីឃុំព្រៃចាស់ ហើយមានភ្លៀងធ្លាក់រាល់ថ្ងៃទៀត បើទោះបីជាជំនន់ទឹកស្ទឹងសង្កែបានស្រកអស់ក៏ដោយ តែសម្រាប់តំបន់នេះនៅពេលមានទឹកចាល់មកពីទន្លេសាប ទើបបណ្តាលឱ្យលិចស្រូវរបស់ពួកគាត់តែម្តង ហើយត្រូវបានកម្លាំងចម្រុះរួមសហការគ្នាចុះជួយច្រូត ដើម្បីប្រមូលស្រូវដណ្តើមពីទឹកជំនន់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

លោក អភិបាលស្រុកឯកភ្នំ បានចាត់ទុកថា ការចុះច្រូតស្រូវនាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ គ្រប់កាលៈទសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ចោលឡើយ ជាពិសេសនៅក្នុងពេលដែលដំណាំស្រូវរបស់គាត់កំពុងទុំហើយត្រូវទឹកលិចទៀត គឺត្រូវតែជួយច្រូតឱ្យបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះដែរ តំណាង ប្រជាពលរដ្ឋជាម្ចាស់ស្រែបានសំដែងនូវការថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុក ក៏ដូចកងកម្លាំងទាំង៣ប្រភេទ ដែលបានជួយដណ្តើមស្រូវពីក្នុងទឹក ជូនពួកគាត់បានរួចផុតពីគ្រោះទឹកជំនន់នាពេលនេះ ដែលនេះគឺជាការយកចិត្តទុកដាក់ផ្សារភ្ជាប់រវាងមន្ត្រីរាជការជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ អ្វីឡើយ ក្នុងការកាត់បន្ថយបាននូវការចំណាយថ្លៃដើមផលិត ជាពិសេសនារដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះផងដែរ ៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages