(ភ្នំពេញ) ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងសណ្ឋាគារកណ្តាលសួន ឈានដល់ការបង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសណ្ឋាគារកណ្ដាលសួន (ទល់មុខការ៉ាអូខេ BOEING) ចំណុចបន្ទប់ A835, 823 និង 821 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។មន្ត្រីគនរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ការបង្ក្រាបជាក់ស្តែងករណីគ្រឿងញៀនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់ (ស្រី ០៨នាក់) ជនជាតិវៀតណាម ។
កម្លាំងសមត្ថកិច្ចជំនាញបានដកហូត វត្ថុតាងសារធាតុញៀនមួយចំនួន ខណៈជនសង្ស័យបានចាក់គ្រឿងញៀនចូលក្នុងបង្គន់ប្រមាណ ០១ គីឡូក្រាមផងដែរ រួមទាំងវត្ថុតាងមួយចំនួនទៀតដូចជា ទូរសព្ទចំនួន ២៥ គ្រឿង, Laptop ចំនួន ០១ គ្រឿង, ម៉ាស៊ីនចាក់ភ្លេងចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវីធីច្បាប់ ។
សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឱ្យអស់នូវបញ្ហាគ្រឿងញៀននេះ ៕
No comments:
Post a Comment