(ក្រចេះ) ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំ ដល់លោកគ្រូ អ្នកគ្រូ ដែលត្រូវទៅបំពេញភារកិច្ច នៅតាមបណ្ដាសាលារៀនក្នុងមូលដ្ឋានខេត្ត ឲ្យបន្ដពង្រឹង និងអនុវត្តន៍ការងារ ដោយយកចិត្តទុកដាក់ និងដកស្រង់បទពិសោធន៍ជាក់ស្ដែង ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឱ្យកាន់តែប្រសើរ ក្លាយជាគ្រូកម្រិតមូលដ្ឋានពោលគឺជាគ្រូបង្រៀនដែលមានសមត្ថភាពពេញលេញអាចបង្រៀនបានគ្រប់កម្រិតថ្នាក់ចាប់ពីបឋមសិក្សារហូតដល់មធ្យមសិក្សា ប្រកបដោយគុណភាព ពិសេសប្រែក្លាយសាលារៀនរបស់ខ្លួន ឱ្យក្លាយទៅជាសាលាកុមារមេត្រី។
លោកអភិបាលខេត្ត បានលេីកឡើងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២បូក២ ជំនាន់ទី៣៨-៣៩ និងប្រគល់សញ្ញាបត្រជូនគ្រូបឋមសិក្សាជំនាន់ ទី៣៧-៣៨ ចំនួន១៦៥នាក់ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ ដែលបានបញ្ជប់ការសិក្សាដោយជោយជ័យ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
លោក ក៏បានរំលឹកឡើងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យលេខ ២១៣ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក លេីការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការងាររដ្ឋបាលគាំទ្រគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា។
លោកក៏បានបន្តទៀតថា លោកគ្រូ អ្នកគ្រូ ត្រូវបន្ដការសិក្សារៀនសូត្របន្ថែមទៀត ដើម្បីធ្វើការហ្វឹកហាត់សម្បទាវិជ្ជាជីវៈតាមរយៈការសិក្សាទ្រឹស្ដីគោលវិធីសិស្សមជ្ឈមណ្ឌល កម្មវិធីថ្មីបែបលំនាំវិទ្យាសាស្រ្តទំនើប គឺការសិក្សាបែបស្រាវជ្រាវ និងការសិក្សាបែបរិះរក និងកម្មវិធីសិក្សាដែលក្រសួងបានកំណត់៕
No comments:
Post a Comment