គ្រូបង្រៀន និងសិស្សានុសិស្ស​ នៃសាលារៀនមួយ​នៅខេត្តកំពត កំពុងប្រឈមនឹងអគារសិក្សាទ្រុឌទ្រោមខ្លាំង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, October 11, 2023

គ្រូបង្រៀន និងសិស្សានុសិស្ស​ នៃសាលារៀនមួយ​នៅខេត្តកំពត កំពុងប្រឈមនឹងអគារសិក្សាទ្រុឌទ្រោមខ្លាំង

(កំពត) ៖​ គណៈគ្រប់គ្រង និងគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល​ ដែលមានកូនកំពុងសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត បានបង្ហាញក្តីព្រួយបារម្ភអំពីសុវត្ថិភាព​ ដោយសារអគារឈើមួយខ្នង ដែលសាងសង់តាំងពីឆ្នាំ១៩៧៩ ចូលដល់ស្ថានភាពទ្រុឌទ្រោមខ្លាំង ។ ថ្មីៗនេះ ធ្នឹមមួយដើមបានបាក់ធ្លាក់សង្កត់លើតុកៅអីសិស្ស តែមិនបង្កឱ្យមានគ្រោះថ្នាក់នោះទេ ដោយសារកើតឡើងនាពេលយប់ ។ ចំណែកគ្រឿងបង្គំផ្សេងៗស្ថិតក្នុងសភាពពុកផុយរបេះចេញពីគ្នាស្ទើរគ្រប់ផ្នែក នៃអគារដែលមាន ០៣បន្ទប់នោះ ។

លោកស្រី ទេព ដារ័ត្ន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត មានទីតាំងក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានរៀបរាប់ថា អគារសិក្សាឈើមួយខ្នងដែលមាន ០៣បន្ទប់​ ក្នុងសាលានេះ ចាប់ផ្តើមទ្រុឌទ្រោមតាំងពីឆ្នាំ១៩៩៣ ពេលដែលលោកស្រីបានចូលមកបង្រៀនដំបូង តែលោកគ្រូ អ្នកគ្រូចេះតែនាំគ្នាកៀរគរសប្បុរសជនជួយជួសជុលជាហូរហែមក ។ អំឡុងពេល ០៦ឆ្នាំចុងក្រោយ បន្ទាប់ពីលោកស្រីបានក្លាយជានាយិកា ដោយឃើញចំនួនសិស្សចេះកើនឡើង ហើយសាលាកាន់តែទ្រុឌទ្រោម លោកស្រីបានរាយការណ៍ និងធ្វើសំណើជាច្រើនដងទៅមន្ត្រីជំនាញរបស់មន្ទីរ និងអាជ្ញាធរសង្កាត់អណ្តូងខ្មែរ រដ្ឋបាលក្រុងកំពត ប៉ុន្តែមិនមានលទ្ធផលអ្វីទេ ពោលគឺ​ ដាក់ទៅស្ងាត់ឈឹង ។

នាយិកាបានបញ្ជាក់ថា ថ្មីៗនេះ ធ្នឹមមួយដើមបានបាក់ធ្លាក់ដោយសារពុកផុយយូរមកហើយ តែកាលនោះជាពេលយប់ទើបមិនបង្កឱ្យគ្រូ ឬសិស្សណាម្នាក់រងគ្រោះថ្នាក់ទេ ។ ប្រសិនបើកើតហេតុពេលថ្ងៃ មិនដឹងជាយ៉ាងណាទេ ។

លោកស្រី ទេព ដារ័ត្ន បានបន្តថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពគ្រូ និងសិស្ស​ ដែលត្រូវបន្តបង្រៀន និងរៀនក្នុងអគារសិក្សានេះ ។ សម្រាប់បន្ទប់ទាំង០៣​ មានសិស្សជាង ១០០នាក់ ដែលចាំបាច់ត្រូវតែរៀនឱ្យចប់តាមកម្មវិធីរបស់ក្រសួង ហើយសាលាក៏បានខ្ចីបន្ទប់សិក្សាពីវត្តចំនួន ០២ទៀតដែរ ។ ក្នុងនាមគណ:គ្រប់គ្រងសាលា លោកស្រីអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ក្រសួងអប់រំ​ចុះពិនិត្យ និងជួយជួសជុល ឬផ្តល់អគារថ្មីបន្ថែម​ ដើម្បីឱ្យសិស្សបានរៀនសូត្រងាយស្រួលដូចសាលាដទៃផង ។

ពាក់ព័ន្ធករណីខាងលើ លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត​ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣​ ថា ជាធម្មតា ក្រសួងតម្រូវឱ្យគណ:គ្រប់គ្រងសាលារៀននីមួយៗ ធ្វើបច្ចុប្បន្នភាពក្នុង ០១ឆ្នាំម្តងស្តីពី​ ស្ថានភាពអគារសិក្សារបស់ខ្លួន ។ ក្នុងករណីអគារមានសភាពទ្រុឌទ្រោមនោះ គណ:គ្រប់គ្រងមិនត្រូវឱ្យសិស្សចូលរៀនក្នុងអគារនោះទេ ។

លោកប្រធានបានបន្តថា ខាងមន្ទីរបានបញ្ជ្រាបសេចក្តីណែនាំទាំងនេះដល់គ្រប់ការិយាល័យអប់រំស្រុក-ក្រុងរួចហើយ ។ ចំពោះករណីសាលាបឋមសិក្សាវត្តកំពត លោកមិនបានដឹងថា​ ខាងនាយកសាលា ឬការិយាល័យអប់រំក្រុងកំពត បានធ្វើសំណើផ្ញើមកមន្ទីរ ឬអត់នោះទេ​ ព្រោះនៅទូទាំងខេត្តមានសាលារៀនជាង ៣០០ឯណោះ ។ ការស្នើសុំសាលាគឺថវិការបស់រដ្ឋមានកម្រិត មិនអាច ០១ឆ្នាំជួយបានច្រើននោះទេ ។ ប្រសិនបើគៀគរសុំសប្បុរសជនអាចបានលឿនជាង ប៉ុន្តែសម្រាប់ខេត្តកំពត សម្តេចតេជោបានផ្តល់សាលារៀនជូនច្រើន ពិសេសមុនពេលបោះឆ្នោតកន្លងទៅ ។

ជុំវិញបញ្ហាអគារសិក្សាក្នុងសាលាបឋមសិក្សាវត្តកំពតទ្រុឌទ្រោមនេះ មាតាបិតា អាណាព្យាបាលសិស្ស បានរិះគន់ថា សាលានេះស្ថិតនៅក្នុងក្រុងសោះមិនគួរគ្មានអ្នកគិតគូរបែបហ្នឹងទេ ។ សព្វថ្ងៃ សូម្បីតំបន់ឆ្ងាយៗ ឬសាលាខ្លះនៅក្នុងក្រុង ក៏មានអគារ និងបន្ទប់ល្អៗទំនេរទៀតផង ៕























No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages