ជនរងគ្រោះម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីត្រូវជនវិបល្លាសដែលមានសតិមិនគ្រប់ ប្រើពូថៅដៃកាប់ទាំងកម្រោលរងរបួសជាច្រើនកន្លែង ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០នាទី នៅចំណុចក្រុមទី៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះស្លាប់ (យកពូថៅកាប់) បង្កដោយជនសង្ស័យឈ្មោះ ប្រាក់ សុខណា ភេទប្រុស អាយុ ៣៦ឆ្នាំ (វិបល្លាសស្មារតី) មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
យោងតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា ជនបង្កដោយមានស្មារតីមិនគ្រប់នេះ ត្រូវបានក្រុមគ្រួសារដាក់ច្រវាក់នៅនឹងផ្ទះអស់រយ:ពេល ៣ឆ្នាំមកហើយ ព្រមទាំងមានឈ្មោះនៅសង្គមកិច្ចត្រូវបញ្ជូនទៅមណ្ឌលថែមទៀតផង ប៉ុន្តែសាច់ញាតិ មិនបានបញ្ជូនទៅណាទាំងអស់ ។
លុះនៅមុនពេលកើតហេតុ ជនរូបនេះបានរបូតច្រវាក់ហើយក៏បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាមេភូមិ នៅភូមិឃុំ-កើតហេតុខាងលើ បណ្ដាលឱ្យរងរបួសត្រង់ចុងភ្នែកស្ដាំ រយះដល់គុំត្រចៀកខាងស្ដាំ ០១កន្លែង របួសត្រង់ឆ្អឹងជំនីរផុត ០១កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់រហូតដល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
ករណីនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ដោយនៅព្រឹកនេះដែរ លោកព្រះរាជអាជ្ញាបានបញ្ជាឱ្យសមត្ថកិច្ចចុះស្រាវជ្រាវសាវតាជនសង្ស័យឱ្យបានច្បាស់ម្តងទៀត ដើម្បីអនុវត្តបន្ត ៕
No comments:
Post a Comment