បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដែកវាយបំបែកកញ្ចក់មួយផ្ទាំងចូលទៅលួចសម្ភារនៅក្នុងផ្សារទំនើបជប៉ុន ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២០៥ កែងនឹងផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍នេះ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុនេះ ក្នុងគោលបំណងដឹកបន្លែទៅលក់នៅផ្សារដើមគ ហើយក៏ក្រឡេកទៅឃើញបុរសជាជនសង្ស័យម្នាក់ កំពុងតែយកដែកវាយបំបែកកញ្ចក់ផ្សារទំនើបជប៉ុនមួយផ្ទាំង ហើយលូនចូលទៅខាងក្នុងបាត់ ។ ភ្លាមនោះដែររូបគាត់ និងប្រជាពលរដ្ឋជិតខាងនាំគ្នាស្រែកឆោឡោ ផ្អើលពេញបរិវេណក្នុងផ្សារធ្វើឱ្យជនសង្ស័យភ័យមិនហ៊ានរត់ចេញមកក្រៅ បានពួនសម្ងំនៅខាងក្នុងនោះអស់ពេលជាច្រើនម៉ោង ។ ក្រោយមកពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយម្ចាស់ផ្សារ បានចូលទៅខាងក្នុងឆែកឆេរក៏ឃើញជនសង្ស័យកំពុងតែពួននៅខាងក្នុង ហើយបានរៀបចំអីវ៉ាន់ដែលលួចបានទុកជាស្រេចបម្រុងនឹងរត់ចេញមកក្រៅ ទើបសមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសួរនាំបន្ត ៕
No comments:
Post a Comment